Update៖ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឆ្នេរសូម៉ាលី កើនឡើងដល់ ៣៧នាក់!
ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីចុងសប្តាហ៍មុននៅលើឆ្នេរខ្សាច់ដែលមានហ្វូងមនុស្សក្នុងតំបន់ Lido នៃរដ្ឋធានី Mogadishu ប្រទេសសូម៉ាលីបានកើនឡើងដល់ 37 នាក់កាលពីថ្ងៃអាទិត្យ។
លោក Ahmed Abdi មន្ត្រីប៉ូលីសនៅទីក្រុង Mogadishu ដែលបាននិយាយតាមទូរស័ព្ទទៅកាន់ Anadolu បាននិយាយថា “គិតមកត្រឹមពេលនេះ ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារដ៏សាហាវនេះ មានចំនួន ៣៧ នាក់ ខណៈជិត ៧០ នាក់ផ្សេងទៀតបានរងរបួស” ។
លោកបាននិយាយថា ការស៊ើបអង្កេតលើការវាយប្រហារកំពុងដំណើរការ ខណៈពេលដែលរដ្ឋាភិបាលបានដាក់ឈ្មោះគណៈរដ្ឋមន្ត្រីដែលមានភារកិច្ចសម្របសម្រួលការឆ្លើយតបបន្ទាន់ និងការគាំទ្រដល់អ្នករបួស។
នាយករដ្ឋមន្ត្រីសូម៉ាលី Hamza Abdi Barre ដែលបានទៅទស្សនាមន្ទីរពេទ្យ Recep Tayyip Erdogan ក្នុងរដ្ឋធានីបាននិយាយថា មន្ត្រីសន្តិសុខ និងទាហានដែលទទួលបន្ទុកតំបន់ដែលការវាយប្រហារបានកើតឡើងត្រូវបានចាប់ខ្លួនដោយសារតែការធ្វេសប្រហែស។
លោក Barre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើ X ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតបន្ថែមទៀតថាតើទាហាន និងមន្ត្រីប៉ុន្មាននាក់ត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា ក្រុមភេរវករ al-Shabaab ដែលមានសម្ព័ន្ធភាពជាមួយអាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ការបំផ្ទុះនេះ គឺជាការវាយប្រហារភេរវកម្មដ៏សាហាវបំផុតមួយ រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ នៅក្នុងប្រទេសសូម៉ាលី ដែលត្រូវបានញាំញីដោយអសន្តិសុខអស់រយៈពេលជាច្រើនឆ្នាំ ដោយមានការគំរាមកំហែងចម្បងៗ ចេញពីក្រុម al-Shabaab និងក្រុមភេរវករ Daesh/ISIS។
ចាប់តាំងពីឆ្នាំ 2007 មក al-Shabaab បានប្រយុទ្ធជាមួយរដ្ឋាភិបាលសូម៉ាលី និងបេសកកម្មផ្លាស់ប្តូរសហភាពអាហ្រ្វិកនៅប្រទេសសូម៉ាលី (ATMIS) ដែលជាបេសកកម្មចម្រុះដែលត្រូវបានអនុញ្ញាតដោយសហភាពអាហ្រ្វិក និងអាណត្តិដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
Al-Shabaab បានបង្កើនការវាយប្រហារចាប់តាំងពីប្រធានាធិបតីសូម៉ាលីលោក Hassan Sheikh Mohamud បានប្រកាស “សង្រ្គាមទាំងស្រុង” លើក្រុមនេះ៕