ព្យុះទីហ្វុង បានមកដល់ប្រទេសចិន បន្ទាប់ពីវាយប្រហារកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន!
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា ព្យុះទីហ្វុង ហ្កែមី បានធ្វើឲ្យប៉ះពាល់ដល់មនុស្សជិត ៦៣០.០០០នាក់ នៅក្នុងខេត្ត Fujian របស់ប្រទេសចិន ស្ទើរតែពាក់កណ្តាលនៃអ្នកទាំងនេះ ត្រូវភៀសខ្លួនចេញ ពីទីលំនៅឋាន។
កាលពីដើមសប្តាហ៍ ព្យុះនេះបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈបានវាបោកបក់និងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសហ្វីលីពីន និងឆ្លងកាត់កោះតៃវ៉ាន់។
ព្យុះទីហ្វុង ហ្កែមី(Gaemi) បាននាំយកខ្យល់បក់ក្នុងល្បឿនរហូតដល់១០០,៨គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចុះខ្សោយបន្តិចពី ១១៨,៨ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលត្រូវបានកត់ត្រា កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅពេលដែលព្យុះវាយបក់លើខេត្ត Fujian។
នៅប៉ុន្មានម៉ោង មុនការមកដល់នៃព្យុះទីហ្វុង គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្ត ដឹកនាំដោយប្រធានាធិបតី លោក Xi Jinping បានរៀបចំកិច្ចប្រជុំពិសេសមួយស្តីពីការគ្រប់គ្រងទឹកជំនន់ និងជំរុញឲ្យកម្មាភិបាលនៅទូទាំងប្រទេស ឱ្យការពារអាយុជីវិតប្រជាជន។
សារព័ត៌មានស៊ីនហួ បានដកស្រង់អំណាននៃកិច្ចប្រជុំដែលបាននិយាយថា កិច្ចខិតខំប្រឹងប្រែង ត្រូវតែធ្វើឡើងដើម្បីការពារការហក់ឡើងនៃទឹកទន្លេ និងការបាក់ធ្លាយអាងស្តុកទឹកទំហំមធ្យមសំខាន់ៗ ។
ការិយាល័យអាកាសធាតុក្នុងតំបន់បាននិយាយថា ដោយសារព្យុះទីហ្វុងនេះ ក្រុងចំនួន៧២ នៅទូទាំងខេត្ត Fujian បានកត់ត្រាបរិមាណទឹកភ្លៀងលើសពី២៥០ មីលីម៉ែត្រ ជាមួយនឹងកម្រិតខ្ពស់បំផុត៕